ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ (TWG-AWR) លើកទី៤
- ២ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសម្រសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ (TWG-AWR) លើកទី៤ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ជាសហប្រធានទាំង២ក្រសួង (MAFF & MoRAM) ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញបច្ចេកទេសមកពីក្រសួងទាំង៣ សរុបចំនួន២២ រូប ស្រ្តី១រូប នៅសាលប្រជុំបន្ទប់នាងនួន ទីស្តីការក្រសួងកសិកម្ម ។
បន្ទាប់ពីតំណាងលេខាធិការដ្ឋានធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការពិនិត្យទីតាំងទាំង៦ទីតាំង នៅខេត្តតាកែវ, កំពង់ចាម, ត្បូងឃ្មុំ, សៀមរាប និងខេត្តបាត់ដំបង រួចមក អង្គប្រជុំក៏អនុញ្ញាតឲ្យមានការពិភាក្សា ក្នុងការជ្រើសរើសទីតាំង៥ក្នុងចំណោមទីតាំងទាំង៦ រួមមាន ១. សហគមន៍បន្លែផ្ទះសំណាញ់ត្រាំកក់ ២.សហគមន៍កសិកម្មសំបូរមានជ័យ ៣. សហគមន៍កសិកម្មស្រូវនាងអំ ៤.សហគមន៍កសិករប្រើប្រាស់ទឹកទួលម្ទេសកង្ហត ៥.សហគមន៍កសិកម្មបៃតងគោកស្រុក (ជាជម្រើស) ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីទាំង៣ក្រសួងពិនិត្យ ។ ក្នុងនោះដែរ លេខាធិការដ្ឋាន TWG-AWR បានសំណូមពរដល់ក្រុមការងារតាមក្រសួងសាមីនីមួយៗ ត្រូវបំពេញព័ត៌មាន (Profiles) តាមទីតាំងនីមួយៗ ឲ្យបានច្បាស់ ហើយត្រូវផ្ញើរទៅលេខាធិការដ្ឋានវិញនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ជាកំណត់។
ក្នុងពេលនោះដែរ កិច្ចប្រជុំក៏បានពិភាក្សាលើសេចក្តីព្រាងកម្មវិធីប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលក្រសួងអភិឌ្ឍន៍ជនបទធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំក៏បានបញ្ជាក់ផងដែរថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ពេលព្រឹកប្រជុំថ្នាក់រដ្ឋមន្រ្តី និងពេលរសៀលប្រជុំលេខាធិការដ្ឋានត្រីវិស័យ TWG-AWR៕