ឯកឧត្តម សាន វិសាល និងប្រតិភូរួមដំណើរ ចុះត្រួតពិនិត្យស្ថានភាពការងារសាងសង់ផ្លូវ និងស្រះសហគមន៍ ក្នុងខេត្តត្បូងឃ្មុំ និង ខេត្តព្រៃវែង
- ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ-ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជានាយកគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ភួង សោភា នាយករងគម្រោង, លោក អ៊ួង ប៊ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង, ប្រតិភូនៃក្រុមបេសកកម្មរបស់ធនាគារ AIIB និងក្រុមការងារអនុវត្តគម្រោងថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពការងារសាងសង់ផ្លូវចំនួន ០២ខ្សែ ក្នុងខេត្តត្បូងឃ្មុំ និងការងារសាងសង់ផ្លូវ ០១ខ្សែ និងស្រះសហគមន៍ ០១កន្លែង នៅខេត្តព្រៃវែង។
– ផ្លូវខ្សែទី០១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង មានប្រវែងសរុប ១៤,០៣៦គីឡូម៉ែត្រ មានលូមូលកាត់ផ្លូវចំនួន ៤៥កន្លែង តភ្ជាប់ពីភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ដល់ភូមិក្រសាំង ឃុំរូង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្តើមសាងសង់ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៣ និងបញ្ចប់ ១០០% នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ។
– ផ្លូវខ្សែទី០២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង មានប្រវែងសរុប ១១,២៣៦ គីឡូម៉ែត្រ មានលូប្រអប់ចំនួន ០២ លូមូលកាត់ផ្លូវ ១៨កន្លែង ដែលតភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្សែផ្លូវនេះចាប់ផ្តើម ថ្ងៃ៣ ខែមីនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤។ បច្ចុប្បន្នសម្រេចបានប្រមាណ ៧៥%។
– ផ្លូវខ្សែទី៣៖ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង មានប្រវែងសរុប ១៥,០៥៥ គីឡូម៉ែត្រ, មានលូប្រអប់ចំនួន ០១ លូមូលកាត់ផ្លូវ ៣៨កន្លែង ដែលតភ្ជាប់ពីភូមិជោរ១ ឃុំក្រញូង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ខ្សែផ្លូវនេះចាប់ផ្តើម ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៥។ បច្ចុប្បន្នសម្រេចបានប្រមាណ ៦៥%។
– ស្រះសហគមន៍ចំនួន១៖ ជាស្រះក្រាលថ្ម មានទំហំមាត់លើទទឹង ៤០ម៉ែត្រ បណ្ដោយ ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដែលអាចស្តុកទឹកប្រមាណ ៦០០០ម៉ែត្រគូប បំពាក់អាងចម្រោះទឹក ដំណើរការដោយប្រព័ន្ធសូឡា ស្ថិតក្នុងភូមិព្រៃខ្លូត ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានបញ្ចប់ការសាងសង់១០០% នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ក្រុមបេសកកម្ម បានជួបសំណេះសំណាលជាមួយ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និង ប្រជាពលរដ្ឋជាសហគមន៍ប្រើប្រាស់ទឹក ដោយបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងបងប្អូនឱ្យជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង៕