ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន “កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ”
- ៦ នាទីមុន ថ្ងៃទី២១ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ និងលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន “កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពី២៩ ក្រសួង ស្ថាប័ន និងមានអ្នកចូលរួមសរុបចំនួន ៤៩៨នាក់។
ក្នុងឱកាសនៃពិធីបើកអង្គសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានបញ្ជាក់ពីគុណប្រយោជន៍ និងគោលដៅនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាព ដោយមានក្រសួងមុខងារសាធារណៈ ជាសេធិការ ក្នុងការសម្របសម្រួល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ ប៉ុន្តែគឺជាការពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
អង្គសិក្ខាសាលាបានដំណើរការដោយចែករំលែកអំពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជាអន្តរជាតិក្នុងការកែទម្រង់រចនាសម្ព័ន្ធដែលក្នុងនោះ ក៏រួមបញ្ចូលការធ្វើទំនើបកម្មបច្ចេកទេសឌីជីថល និងនវានុវត្តន៍ ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ តាមរយៈបទបង្ហាញរបស់វាគ្មិនអន្តរជាតិចំនួន ៤ រួមមាន ចែករំលែកបទពិសោធន៍នៃការងារកែទម្រង់វិស័យសាធារណៈនៃប្រទេសសិង្ហបុរី បទពិសោធន៍នៃការត្រួតពិនិត្យឡើងវិញនៃប្រទេសឥណ្ឌូនេស៊ី បទពិសោធន៍នៃការអនុវត្តមុខងារហិរញ្ញវត្ថុទំនើបនៃប្រទេសបណ្តាប្រទេសមួយចំនួន និងបទពិសោធន៍អន្តរជាតិនៃការវិភាគមុខងារ៕