ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥
- ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១:០៣ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយករង ប្រធានគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ក្រោមក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមបទអន្ដរាគមន៍របស់ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន និងការធ្វើបទបង្ហាញស្ដីពី សមិទ្ធផល និងវឌ្ឍនភាពរបស់គម្រោងក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ដោយ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន បង្ហាញថាបច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងកំពុងដំណើរការ ចំនួន ២៤គម្រោង (On-going Projects) និងបានសិក្សាលើកជាគម្រោងថ្មីក្នុងផែនការបន្ថែមទៀត (Project Proposals) ដើម្បីផ្ញើជូនទៅដៃគូអភិវឌ្ឍន៍នានាផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងទាំងអស់ចំពោះការខិតខំអនុវត្តគម្រោងឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាការចូលរួមសម្រេចនូវយុទ្ធសាស្ដ្រទាំង៤ របស់ក្រសួងរួមមាន ផ្លូវ, ទឹក និងអនាម័យ, សហគមន៍, និងស្ថាប័ន ដែលមានចក្ខុវិស័យ ក្នុងការលើកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជាការរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតនូវសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតនៃសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ដើម្បីរុញច្រានប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់លេខាធិការដ្ឋាន ត្រូវរៀបចំកិច្ចប្រជុំប្រចាំត្រីមាសឱ្យបានទៀងទាត់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលការអនុវត្តគម្រោងទាំងអស់ ជាពិសេសការដោះស្រាយឱ្យឆ្លើយបតទៅនឹងបញ្ហាប្រឈមដែលគម្រោងជួបប្រទះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល។
គួរជម្រាបជូនផងដែរថាបច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទមានគម្រោងក្រោមហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២៤គម្រោង ដែលកុំពុងអនុវត្តក្នុងខេត្តចំនួន ២៣ រួមមានៈ រាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពត និងខេត្តកោះកុង ដោយគិតត្រឹមឆ្នាំ ២០២៤នេះគម្រោងសម្រេចបានលទ្ធផលប្រមាណ ៦១,២៩% ហើយ៕