ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើដឹកនាំគណ:ប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំខួបផ្លូវល្បាយក្រួសនិងក្រាលល្បាយថ្មភ្នំចំនួន០៣ខ្សែ មានប្រវែងសរុប ១៨៣ ០០ម៉ែត្រ នៅខេត្តកំពង់ស្ពឺ
- ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណ:ប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំខួបផ្លូវដោយក្រាលដីល្បាយក្រួសនិងក្រាលល្បាយថ្មភ្នំចំនួន០៣ខ្សែ មានប្រវែងសរុប ១៨៣ ០០ម៉ែត្រ ស្ថិតនៅឃុំជំពូព្រឹក ស្រុកសាមគ្គីមុនីជ័យ និងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។
ការចុះត្រួតពិនិត្យនេះ មានការចូលរួមពី ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺដែលជាអ្នកទទួលការ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣ខ្សែនេះដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។
បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេស ដោយបានឯកភាពទទួលយកលទ្ធផលការងារ១០០% ចំពោះការងារថែទាំខួបផ្លូវក្រាលដីល្បាយក្រួសនិងក្រាលល្បាយថ្មភ្នំចំនួន០៣ខ្សែមានប្រវែងសរុប ១៨៣០០ម៉ែត្រ តាមការស្នើសុំរបស់អ្នកទទួលការ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ធ្វើការត្រួតពិនិត្យលើការងារថែទាំនិងជួសជុលផ្លូវទាំង៣ខ្សែខាងលើឱ្យបានល្អដើម្បីឱ្យមានគុណភាពនិងសោភណ្ឌភាពក្នុងរយៈពេល០៦ខែបន្តទៀតទៅតាមកិច្ចសន្យា ដោយសហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវនេះ៕