ឯកឧត្តម សាន វិសាល បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវចំនួន ២គម្រោង ស្ថិតក្នុងខេត្តត្បូងឃ្មុំ
- ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ: នាថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវចំនួន ២គម្រោង ស្ថិតក្នុងខេត្តត្បូងឃ្មុំ រួមមាន៖
+គម្រោងទី១៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៨០០ម ទទឹង ៨ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម ស្ថិតនៅភូមិទ្រា១ និងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-RM-2023-No.010) (បញ្ចប់សុពលភាព)។
+គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ០៣០ម ទទឹង ៨ម កម្រាស់ ០,២ម និងចិញ្ចើមសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម ចាប់ពី PK ៧+៤៣០ ដល់ PK ៩+៤៦០ ស្ថិតនៅភូមិប្រឆេះក្រោម ទៅភូមិប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-NC-2024-No.017)។ គម្រោងទាំង២នេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិការជំពូក ២១។ លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព និងទទួលយក គម្រោងទាំង២ខាងលើ។
នាឱកាសចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវចំនួន ២គម្រោងខាងលើនេះ ឯកឧត្តម សាន វិសាល និងគណៈកម្មការអន្តរក្រសួង ក៏បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងឡើងក្នុងសហគមន៍របស់ពួកគាត់ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍នូវតំបន់ជនបទឲ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ។