ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានឌីជីថលចាំបាច់” ជូនមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:២៩ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានឌីជីថលចាំបាច់” ជូនមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ មកពីគ្រប់នាយកដ្ឋាន អគ្គាធិការដ្ឋាន និងក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ សរុបចំនួន៥៤រូប។ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះដែរ រួមមាន ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារបរិវត្តកម្មឌីជីថល សរុបចំនួន ៧៦រូប (ស្រី ១៦នាក់)។
លោក ប៊ុន ចាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានបរិវត្តកម្មឌីជីថល បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបពីវឌ្ឍនភាពការងាររបស់ក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងគោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានឌីជីថលចាំបាច់។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនឯកឧត្តម លោក លោកស្រី ដែលមានវត្តមាននាពេលនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលថ្ងៃនេះគឺមានសារៈសំខាន់ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានឌីជីថលចាំបាច់ ស្របតាមបរិបទនៃយុគ្គសម័យឌីជីថលឈរលើមូលដ្ឋានពលរដ្ឋឌីជីថល (Digital Citizen) ជាពិសេសពលរដ្ឋគ្រប់រូបអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ស្របតាមគន្លងប្រក្រតីថ្មី។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា ប្រមាណពីរទស្សវត្សចុងក្រោយនេះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅលើពិភពលោក បានវិវត្តន៍រីកចម្រើនក្នុងល្បឿនមួយយ៉ាងលឿន ដែលបានប្រែក្លាយពិភពលោកជាបណ្តើរៗទៅជាពិភពលោកឌីជីថលភាវូបនីយកម្ម (Digitalization) ដូច្នេះ ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យកនិងទាញយកផលប្រយោជន៍ជាអតិបរិមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រកបដោយប្រសិទ្ធភាព និងចីរភាព និងកសាងសង្គមកម្ពុជាស៊ីវិល័យ ស្របតាមបរិបទ នៃយុគ្គសម័យឌីជីថលឈរលើមូលដ្ឋានពលរដ្ឋឌីជីថល (Digital Citizen) ជាពិសេសពលរដ្ឋគ្រប់រូបអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ស្របតាមគន្លងប្រក្រតីថ្មី។ ក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតឱ្យមានក្រុមការងារ “បរិវត្តកម្មឌីជីថល” ក្នុងគោលបំណងបញ្ជ្រាបបច្ចេកវិទ្យាឌីជីថលទៅគ្រប់សកម្មភាពការងារប្រចាំថ្ងៃរបស់ក្រសួង និងប្រែក្លាយមន្ត្រីឱ្យទៅជាមន្ត្រីឌីជីថលត្រឹមឆ្នាំ២០៣០ និងកំណត់គោលការណ៍ ៣គី “ការផ្លាស់ប្តូរទម្លាប់ការអនុវត្តការងារ ការផ្លាស់ប្តូរទម្លាប់ការទំនាក់ទំនង និងការកាត់បន្ថយជាអតិបរិមាលើការប្រើប្រាស់ក្រដាសត្រឹមឆ្នាំ២០៣០”។
លើសពីនេះទៅទៀត វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺជាផ្នែកមួយនៃការខិតខំរបស់ក្រុមការងារ ដែលបានឈ្មុសឈ្មុល ដើម្បីសម្រេចឱ្យបានចក្ខុវិស័យរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបឱ្យបានរហ័សបំផុតនូវបច្ចេវិទ្យាទៅថ្នាក់មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលកំពុងត្រូវការជាចាំបាច់នូវបច្ចេកវិទ្យាយកមកអភិវឌ្ឍន៍អង្គភាព ហើយវគ្គបណ្តុះបណ្តាលនេះ ក៏ជាជំហានដ៏សំខាន់មួយក្នុងបរិបទខាងលើនេះ ដែលត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីបញ្ជ្រាបឱ្យលោក លោកស្រី នូវជំនាញព័ត៌មានវិទ្យា សំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីជំរុញវប្បធម៌នៃការច្នៃប្រឌិតនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងផ្តាំផ្ញើសិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់សម្រាប់វគ្គបណ្តុះបណ្តាលនេះ ដោយបើកចិត្តទូលាយ ត្រៀមខ្លួនដើម្បីរៀនចូលរួមជាមួយគ្នា ចែករំលែកការយល់ដឹងរបស់អ្នក និងទទួលយកស្មារតីនៃការងារជាក្រុម។ ចំណេះដឹង និងជំនាញដែលអ្នកទទួលបាននៅទីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបេសកកម្មរបស់ខ្លួន ជួយយើងក្នុងការបម្រើអង្គភាពរបស់យើងកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕