តំណាងក្រសួងចំនួន៣ ចុះសិក្សាពិនិត្យសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងខេត្តកំពង់ចាម
- ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាមួយឯកឧត្តមសហប្រធាន រួមមាន ឯកឧត្តម ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រ ហត្តដា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ចុះសិក្សាពិនិត្យសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងភូមិសំបូរ ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងនោះក៏មានការរួមដំណើរពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក នាយករងបច្ចេកទេស ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងសមាជិកសមាជិកាសហគមន៍។
ការចុះសិក្សាពិនិត្យសហគមន៍នេះមានគោលបំណងស្វែងយល់ពីសក្តានុពល តម្រូវការអភិវឌ្ឍនានា និងប្រមូលទិន្នន័យបន្ថែមសម្រាប់ការអនុវត្តអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ ដើម្បីការអភិវឌ្ឍរួមគ្នាប្រកបដោយនិរន្តភាព។ ប្រតិភូអន្តរក្រសួង បានជួបប្រជុំជាមួយសមាជិក សមាជិកា ដើម្បីពិភាក្សា ស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ តម្រូវការអភិវឌ្ឍនានានៅក្នុងសហគមន៍ព្រមទាំងបានចុះពិនិត្យពីស្ថានភាពជាក់ស្តែងលើការដាំដុះដំណាំផ្សេងៗរបស់សហគមន៍ ស្ថានភាពនៃការអភិវឌ្ឍភូមិ បរិស្ថាន និងប្រភពទឹក សម្រាប់គាំទ្រដល់ការអភិវឌ្ឍរួមគ្នារវាងក្រសួងទាំង៣។
សហគមន៍កសិកម្មសំបូរមានជ័យមានសក្តានុពលជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធមានផ្លូវកៅស៊ូ និងបេតុង ផលិតផលកែច្នៃពីផលិតផលកសិកម្ម រួមមានប្រេងស្លឹកគ្រៃ ប្រេងសណ្តែកដីកម្ពុជា ប្រេងដូង និងដំណាំបន្លែផ្សេងៗ ព្រមជាមួយគ្នានេះដែរសហគមន៍នេះមានការគាំទ្រពីគម្រោងជាច្រើន និងមានក្រុមហ៊ុនធានាប្រមូលទិញផលិតកសិកម្មពីសហគមន៍សម្រាប់លក់ និងកែច្នៃ៕