ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងវេទិកាសាកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ ឆ្នាំ២០២៤ (2024 Global Poverty Reduction and Development Forum) នៅទីក្រុងប៉េកាំង
- ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ទីក្រុងប៉េកាំង ៖ នាថ្ងៃអង្គារ ១២រោច ខែអស្សុជ-សុក្រ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា -ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានអញ្ជើញចូលរួមក្នុងវេទិកាសាកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ ឆ្នាំ២០២៤ (2024 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ “Jointly Promoting Global Reduction and Building Beautiful and Harmonious Village” ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិកាត់បន្ថយភាពក្រីក្រចិន របស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានសមាសភាពចូលរួមពី រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី មន្រ្តីជាន់ខ្ពស់មកពីបណ្តាប្រទេសចិន អាស៊ី អាហ្វិ្រច មជ្ឈិមបូព៌ា អាមេរិចឡាទីន ស្ថានតំណាងបេសកជនការទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ម្ចាស់ជំនួយ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយ សរុបប្រមាណ ៣០០នាក់ ពីប្រទេសចំនួន ៣០ប្រទេស និងស្ថានតំណាងបេសកកម្ម ២៦ប្រទេស៕