ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យការងារថែទាំខួប ចំនួន២គម្រោង ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
- ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រៃវែង និងខេត្តស្វាយរៀង ៖ នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យការងារថែទាំខួប ចំនួន២គម្រោង ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ដូចខាងក្រោម ៖
១. គម្រោងទី១ ៖ ផ្លូវថែទាំខួប ដោយក្រាលល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៦ ០០០ម ស្ថិតនៅឃុំរំលេច ឃុំជ្រៃឃ្មុំ ឃុំព្នៅ២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។
២. គម្រោងទី២ ៖ ផ្លូវថែទាំខួប ដោយក្រាលខ្សាច់ភ្នំ និងល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ១៦ ៦០០ម ស្ថិតនៅឃុំស្វាយជ្រំ ឃុំស្វាយយា ឃុំម្រាម ឃុំសម្បត្តិមានជ័យ ស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកការអនុវត្តការងារ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ជាមួយនឹងការស្នើដល់អ្នកទទួលការត្រូវបន្តថែទាំផ្លូវទាំងអស់ខាងលើឱ្យបានចប់សព្វគ្រប់ រហូតដល់បញ្ចប់សុពលភាព។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕