ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការស្ដីទី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត។

 

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញស្ដីពី ផែនការយុទ្ធអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងការធ្វើបទបង្ហាញស្ដីពី លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបាន ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបំពេញការងារដោយបុរេសកម្ម ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

 

ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព   និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដទៀតថា ស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តី, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងន័យនេះ ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ជាកិច្ចការស្ថិតនៅក្នុងវិធានការគន្លឹះទី២ ដែលមានគោលបំណងលើកកម្ពស់ដំណើរការនៃក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសសកម្ម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតនៃសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

   

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ