ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមដាក់បង្ហាញសមិទ្ធផលការងារ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៧:៥២ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមដាក់បង្ហាញសមិទ្ធផលការងារ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលរៀបចំរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការពលកម្មអន្តរជាតិ (ILO) រួមនឹងដៃគូពាក់ព័ន្ធជាច្រើនទៀត ក្នុងគោលបំណងជួយដល់យុវជន, អ្នកស្វែងរកការងារ, និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលឱ្យមានការយល់ដឹង និងទទួលបានព័ត៌មាន, ចំណេះដឹង, បទពិសោធន៍ និងទស្សនវិស័យអំពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ នៃការលើកកម្ពស់ផលិតភាព និងសហគ្រិនភាព ព្រមទាំងបានផ្ដល់ឱកាសដល់ក្រសួង ស្ថាប័ន និងអង្គភាពនានា ក្នុងវិស័យសាធារណៈ ចូលរួមតាំងបង្ហាញនូវសមិទ្ធផលការងារដែលសម្រេចបាន ដែលជាសមិទ្ធផលតំណាងឱ្យការអភិវឌ្ឍ និងការរីចម្រើនរបស់រាជរដ្ឋាភិបាលផងដែរ៕