ឯកឧត្ដម ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍សំខាន់ៗជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting) ៨៧៤រូប។

យោងតាមរបាយការណ៍លទ្ធផលការងារដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបាននៅក្នុងខែតុលា និងលទ្ធផលជារួមក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ រួមមាន កម្មវិធីទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៩,៣៣% និង វឌ្ឍនភាពជារួមសម្រេចបាន ៩៣,៣០% ធៀបនឹងផែនការប្រចាំឆ្នាំ, កម្មវិធីទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៧,៦៣% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៥,៨៥% ធៀបនឹងផែនការប្រចាំឆ្នាំ, កម្មវិធីទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៥,៤២% និងវឌ្ឍនភាពជារួមសម្រេចបាន ៨១,៩៩% ធៀបនឹងផែនការប្រចាំឆ្នាំ និង កម្មវិធីទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៦,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៣,១៦% ធៀបនឹងផែនការប្រចាំឆ្នាំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនទៀតសម្រាប់យកទៅអនុវត្តឱ្យសម្រេចតាមផែនការគ្រោងទុក ដោយអនុវត្តតាមអភិក្រម រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ដើម្បីប្រយោជន៍ជាតិ និងប្រជាជនក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ