មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ រយៈពេល ២ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ

ចែលរំលែក

ខេត្តកណ្តាល៖ នាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ ស្តីពី ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សរុប ៤៧នាក់ ស្រី ២០នាក់។

 

វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ គឺ ចាប់ថ្ងៃទី២១ ដល់២២ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានយល់អំពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨, ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧, ការគ្រោងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥, លក្ខណៈវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ,ការងារពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល និងកិច្ចការទូទៅ និងការងារឌីជីថលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

 

ក្នុងឱកាសនោះផងដែរ លោកស្រីប្រធានមន្ទីរ បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាគ្រូឧទ្ទេសដែលធ្លាប់បានអញ្ជើញទៅចូលរួមវគ្គបណ្តុះបណ្តាលនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទកន្លងមក និងការចែករំលែកនូវចំណេះ ជំនាញ ព្រមទាំងបទពិសោធន៍ល្អៗ ដើម្បីទទួលបានជាពុទ្ធិថ្មីៗបន្ថែមទៀតយកទៅអនុវត្តលើការងារប្រចាំថ្ងៃរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារជូនមន្ទីរ ក៏ដូចជាក្រសួងឱ្យកាន់តែល្អប្រសើរ៕

 

តាមរយៈការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសក្នុងរយៈពេល ២ថ្ងៃនេះ លើប្រធានបទសំខាន់ៗខាងលើនេះ សិក្ខាកាមទាំងអស់ក៏បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ ការសួរនាំ និងឆ្លើយតបយ៉ាងផុលផុសប្រកបដោយភាពស្និទស្នាល និងមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ទាប់ពីការធ្វើតេស្តសាកល្បង ក្រោយបញ្ចប់បទបង្ហាញតាមប្រធានបទនីមួយៗ៕

photo 2024 10 22 16 03 22 photo 2024 10 22 16 03 23 2 photo 2024 10 22 16 03 23 3 photo 2024 10 22 16 03 23 4 photo 2024 10 22 16 03 23 5 photo 2024 10 22 16 03 23 photo 2024 10 22 16 03 24 2 photo 2024 10 22 16 03 2423

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ