ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំខួបផ្លូវក្រាលដី ល្បាយក្រួសចំនួន០២ខ្សែ មានប្រវែងសរុប ១៣ ២០០ម៉ែត្រ នៅខេត្តកំពត

ចែលរំលែក

ខេត្តកំពត៖នាថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី លោកប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកំពតដែលជាអ្នកទទួលការបានចុះត្រួតពិនិត្យ និងវាយតម្លៃការងារ ថែទាំខួបផ្លូវក្រាលដីល្បាយក្រួសចំនួន០២ខ្សែ មានប្រវែងសរុប ១៣  ទទឹងខ្នងលើប្រវែង ៤ម៉ែត្រ និង ៥ម៉ែត្រ កម្រាស់០,២ម៉ែត្រស្ថិតនៅ ឃុំនារាយណ៍ ឃុំមានជ័យ ឃុំក្រាំងស្នាយ និងឃុំត្រមែង ស្រុកឈូក ខេត្តកំពត ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង២ខ្សែនេះ ដោយបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្រ្តីជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេស ដោយបានឯកភាពទទួលយកលទ្ធផលការងារ ១០០%។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរដល់ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ធ្វើការត្រួតពិនិត្យលើការងារថែទាំនិងជួសជុលផ្លូ វទាំង២ខ្សែខាងលើឱ្យបានល្អដើម្បីធានាមានគុណភាព និងសោភ័ណ្ឌភាពក្នុង រយៈពេល០៦ខែបន្តទៀតទៅតាមកិច្ចសន្យា ដោយសហការជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំកុំឱ្យមានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ