ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការខ្លឹមសារ ដើម្បី ពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងការរៀបចំសន្និបាត របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការខ្លឹមសារ ដើម្បី ពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលខាងមុខ។
ជាលទ្ធផល អង្គប្រជុំបានសម្រេចជាបឋមដូចខាងក្រោម ៖
១. បានបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំអនុគណៈកម្មការខ្លឹមសារ និងមន្រ្តីជំនាញ
២. រៀបចំធ្វើលិខិតជូនដំណឹង និងកំណត់កាលបរិច្ឆេទទៅគ្រប់នាយកដ្ឋាន,មន្ទីរជំនាញ, គម្រោងដៃគូ និងអង្គការដៃគូនានា ដើម្បីរៀបចំផ្តល់ឯកសារ
៣. ធ្វើលិខិតជូនដំណឹងទៅថ្នាក់ដឹកនាំកម្មវិធីទាំង ៤ និងនាយកដ្ឋានជំនាញ ដើម្បីផ្តល់នូវ ប្រធានបទសម្រាប់ធ្វើបទបង្ហាញចំនួន ២ ជូនដល់អនុគណៈកម្មការខ្លឹមសារ ដើម្បីពិនិត្យ សម្រេច និងជ្រើសរើស
៤. រៀបចំសេចក្តីព្រាងរបៀបវារៈ ដោយបានកំណត់រយៈពេល ១ថ្ងៃកន្លៈ
៥. កំណត់យកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៨:៣០ ព្រឹក បន្ទប់៧០៦ ដើម្បីអញ្ជើញថ្នាក់ដឹកនាំកម្មវិធីទាំង៤ អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញចូលរួម
៦. ក្រោយចប់កិច្ចប្រជុំលើកទី២ (ថ្ងៃទី២៤/១០/២៤) ប្រធានអនុគណៈកម្មការខ្លឹមសារ នឹងគោរពរាយការណ៍សុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តមរដ្ឋមន្រ្តី។