ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំ ខួប និងថែទាំប្រចាំផ្លូវចំនួន២ខ្សែ នៅខេត្តស្ទឹងត្រែង

ចែលរំលែក

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំ ខួប និងថែទាំប្រចាំផ្លូវចំនួន២គម្រោង  រួមមាន៖

គម្រោងទី១ ៖ ការងារថែទាំខួបផ្លូវចំនួន១ខ្សែ ប្រវែង ១១ ,៦គីឡូម៉ែត្រ ទទឹង ៥,៥ម៉ែត្រ កម្រាស់ ០,១៥ម និងសាងស់លូមូលមុខមួយចំនួន ៧កន្លែង ស្ថិតនៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

គម្រោងទី២៖ ការងារថែទាំជាប្រចាំផ្លូវក្រាលល្បាយក្រួសអាចម៍ផ្កាយ ចំនួន០៧ខ្សែ ប្រវែងសរុបចំនួន ៧៤,៨ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅឃុំព្រះរំកិល ឃុំអូរម្រះ ឃុំថាឡាបរិវ៉ាត់ ឃុំស្រែក្រសាំង ឃុំកោះសំពាយ ឃុំតាឡាត់ ស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមបូក និងស្រុកសាសាន ខេត្តស្ទឹងត្រែង ។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃរួចមក គណៈកម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកខ្សែផ្លូវទាំង ២គម្រោងនេះ ។

 

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ  ដែលរស់នៅតាមសងខាងផ្លូវ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមជាមួយនឹង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ និងស្នើសុំដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាខ្សែផ្លូវទាំង២នេះ ឱ្យបានគង់វង្សយូរអង្វែង កុំចាក់ដីខ្ពស់ជាងផ្លូវ កុំដឹកលើសទមន្ងង់កំណត់ និងចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ជាពិសេសប្រសិនបើមានការខូចផ្លូវ សូមបងប្អូនទាក់ទងជាមួយក្រុមការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង ដើម្បីធ្វើការជួសជុលជូនបន្ទាន់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ