ឯកឧត្តម អ៊ឹង វណ្ណា អញ្ជើញទៅពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៤ខ្សែ នៅខេត្តកំពត
- ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពត ៖ នាថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានដឹកនាំក្រុមទីប្រឹក្សាបច្ចេកទេសគម្រោង និងមន្ដ្រីបច្ចេកទេសមន្ទីរ អញ្ជើញទៅពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៤ខ្សែ មានប្រវែងសរុប ២២,០៦១គីឡូម៉ែត្រ នៅខេត្តកំពត ដូចខាងក្រោម៖
– ខ្សែទី១ ៖ មានប្រវែង ៣,៨១៧គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំស្នាយអញ្ជិត ឃុំស្រែក្នុង ឃុំស្រែសំរោង ស្រុកជុំគិរី ដែលលទ្ធផលសម្រេចបានប្រមាណ ១០០%។
– ខ្សែទី២ ៖ មានប្រវែង ៥,២៨១គីឡូម៉ែត្រ ស្ថិតនៅឃុំដំបូកខ្ពស់សំរោងលើ ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ដែលលទ្ធផលសម្រេចបានប្រមាណ ១០០%។
– ខ្សែទី៣ ៖ មានប្រវែង ៦,៣៩៥គីឡូម៉ែត្រ ស្ថិតនៅឃុំដំណាក់ ឃុំសុក្រំ ឃុំទទុង ស្រុកដងទង់ ដែលលទ្ធផលសម្រេចបានប្រមាណ ៨២,៥០ %
– ខ្សែទី៤ ៖ មានប្រវែង ៦,៥៦៨គីឡូម៉ែត្រ ស្ថិតនៅឃុំមានរិទ្ធ ស្រុកដងទង់ ដែលលទ្ធផលសម្រេចបានប្រមាណ ៨២,៥០%។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងការគោរពដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ ហើយក្នុងខណៈនោះផងដែរ ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ដែលបានផ្តល់ផ្លូវកៅស៊ូ២ជាន់ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលស្វែងរក និងរក្សាបាននូវសន្តិភាព និងមានឱកាសបន្តការអភិវឌ្ឍបន្ថែមទៀតឥតឈប់ឈរ៕