លោក សួន សុវន្តារ បានចូលរួមក្នុងកម្មវិធីទិវាចម្ការបង្ហាញលើកទី២ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ
- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោក សួន សុវន្តារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមក្នុងកម្មវិធីទិវាចម្ការបង្ហាញលើកទី ២ស្តីពី ការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អាជ្ញាធរភូមិ ឃុំ ស្រុក និងកសិករគំរូសរុបចំនួន ៥៤នាក់ ស្រី ៤៥នាក់ ក្នុងនោះមានមេក្រុមកសិករចំនួន ៥នាក់ ស្រី ៣នាក់។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ពង្រីកនិងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជាដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង។
សូមបញ្ជាក់ផងដែរថា ៖ គម្រោងភូមិសន្តិភាពបានទទួលហិរញ្ញប្បទានពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយឡែកនៅខេត្តបន្ទាយមានជ័យគម្រោងបានជ្រើសរើសយកមេក្រុមកសិករគំរូចំនួន ២០ក្រុម និងកសិករគំរូចំនួន ៥៣៧គ្រួសារ ដើម្បីធ្វើការបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា ឱ្យចេះផលិតបន្លែសុវត្ថិភាព។ ទន្ទឹមនឹងនេះដែរ គម្រោងនេះក៍បានបន្តចុះផ្ដល់ការប្រឹក្សាបច្ចេកទេសដល់សមាជិកជាបន្ដបន្ទាប់ និងលើកទឹកចិត្តឱ្យកសិករដាំដុះបន្លែបន្ថែមទៀត និងឱ្យចេះរៀបចំផែនការដើម្បីបង្កើត និងប្រមូលចងក្រងជាបណ្តុំបន្លែផងដែរ៕