ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយគណៈវិស្វករកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា”
- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១២:៤៦ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថៃ្ងសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយគណៈវិស្វករកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានការអញ្ជើញជាកិត្តិយសក្នុងពិធីបើកពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី អគ្គនាយរង អគ្គលេខាធិការរង ព្រមទាំង សិក្ខាកាមជាថ្នាក់ដឹកនាំ មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានជំនាញវិស្វកម្ម និងមន្ដ្រីនៃគណៈវិស្វករកម្ពុជា សរុបចំនួន ២៣៤នាក់។
គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍នៃការចុះបញ្ជីនៅគណៈវិស្វករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវិស្វកម្ម ដល់និស្សិតផ្នែកវិស្វកម្ម និងវិស្វករ ដែលមានបំណងប្រកប ឬកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងថា ការអភិវឌ្ឍសមត្ថភាពជំនាញ ជាកាតព្វកិច្ចចម្បងមួយដែលវិស្វករត្រូវបំពេញតាមនិយាមកំណត់ ព្រោះបច្ចេកវិទ្យាមានការវិវត្តរីកចម្រើនឥតឈប់ឈរ តម្រូវឱ្យស្ថាប័នគ្រប់គ្រងវិស្វករធ្វើផែនការបណ្តុះបណ្តាលបន្ត តាមរយៈសិក្ខាសាលា វគ្គបំប៉នខ្លី ឬវែងឱ្យបានសមស្រប និងទាន់សម័យ ក្នុងគោលដៅ ធ្វើឱ្យធនធានបញ្ញវន្តជាតិ ជាវិស្វករមានសមត្ថភាព ជំនាញ វិជ្ជាជីវៈស្តង់ដារ និងមានក្រមសីលធម៌វិជ្ជាជីវៈ ដែលសក្តានុពលដ៏មានប្រសិទ្ធភាពសម្រាប់អភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈលទ្ធផលការងារល្អ និងការទទួលខុសត្រូវចំពោះភារកិច្ចដែលប្រទេសជាតិផ្តល់ឱ្យ។
សូមជម្រាបជូនផងដែរថា៖ គណៈវិស្វករកម្ពុជា ជាស្ថាប័នសង្គមស៊ីវិលផ្នែកវិស្វកម្ម ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីប្រមូលផ្ដុំវិស្វករជាតិ ក្នុងគោលបំណងការពារផលប្រយោជន៍វិស្វករ និងលើកកម្ពស់សមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈវិស្វករជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងទំនាក់ទំនងជូនសមាជិក ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីជាប្រធានកិត្តិយស និង សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ជាប្រធានក្រុមប្រឹក្សាភិបាល ហើយបច្ចុប្បន្ន មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស៕