ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំប្រតិភូចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ
- ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ÷ នាល្ងាចថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំប្រតិភូក្រសួងរួមមាន ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និង ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ ចូលរួមពិធីអបអរសាទរខួបលេីកទី៧៥ នៃការបង្កេីតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម វ័ង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋចិនប្រចាំកម្ពុជា ដោយការអញ្ជេីញចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងតំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រេីនរូបផងដែរ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៦៦ ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ។ កម្ពុជា និងចិន បានកសាងទំនាក់ទំនងមិត្តភាពដែកថែប ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ហើយកត្តាទាំងនេះបានធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស្អិតរមួតពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់។ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាពប្រពៃណី និងប្រវត្តិសាស្ត្រ ជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានកសាងឡើងក្រោមចក្ខុវិស័យយ៉ាងច្បាស់លាស់ និងមានយន្តការកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ប្រទេសទាំងពីរ នឹងបន្តរួមសហការគ្នា កសាងមិត្តភាព ភាពជាដៃគូដែលមិនអាចបំបែកបាន ដើម្បីការអភិវឌ្ឍប្រកបដោយសន្តិភាព រួមគ្នាកសាងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវបន្តឆ្ពោះទៅសម្រេចបាននូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិននាថ្ងៃអនាគត។