ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនានិងស្តារឡើងវិញផ្លូវស្ពានបេតុងចំនួន ០៣គម្រោង នៅខេត្តកណ្ដាល និងខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកណ្ដាល និងខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត  សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីប្រធានមន្ទីរ និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងខេត្តកំពង់ធំបានចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារស្ថាបនានិងស្តារឡើងវិញផ្លូវ ស្ពានបេតុង និងលូចំនួន ០៣គម្រោង រួមមាន៖

 

-គម្រោងទី១៖ ចុះពិនិត្យនិងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៦០០ម ទទឹង ៧ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

-គម្រោងទី២៖ ចុះពិនិត្យនិងវាយតម្លៃការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១២ ៥៣០ម ទទឹង ៥ម កម្រាស់ ០,២ម សាងសង់លូមូលមុខពីរ ចំនួន ២កន្លែង លូមូលមុខមួយចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក និងភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

 

-គម្រោងទី៣៖ ចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ៦ម កម្រាស់ ០,២ម និងស្ថាបនាស្ពានបេតុង ប្រវែង ៣០ម ទទឹង ៨ម ចំនួន ០២កន្លែង ស្ថិតនៅភូមិតៀមចាស់ ទៅភូមិសូរជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣គម្រោងនេះ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ ស្ពាន និងលូនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសរួចមក បានឯកភាពទទួលយកលទ្ធផលការងារ១០០% ចំពោះគម្រោងទី១ និងគម្រោងទី២ និងទទួលយកការបញ្ចប់សុពលភាពចំពោះគម្រោងទី៣ តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ជូនដល់អ្នកទទួលការ ត្រូវធ្វើការត្រួតពិនិត្យលើការងារថែទាំនិងជួសជុលផ្លូវនិងលូខាងលើឱ្យបានល្អដើម្បីធានាបានគុណភាពនិងសោភណ្ឌភាពក្នុងរយៈពេល១២ខែបន្តទៀតទៅស្របតាមកិច្ចសន្យា ជាពិសេសសហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំកុំឱ្យមានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវនិងលូឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ