ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤
- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោកទីប្រឹក្សាអមក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ២៤រូប ស្រី០៧រូប។
បន្ទាប់ពីលោកប្រធានមន្ទីរ បានធ្វើសេចក្ដីរបាយការណ៍បូកសរុបវឌ្ឍនភាពការងាររបស់មន្ទីសម្រាប់ត្រីមាសទី៣រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះមន្រ្តីរាជការមន្ទីរ ដែលបានខិតខំបំពេញការងារទទួលបានសមិទ្ធផលជាច្រើន និងការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ និងប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ បានបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចែកចាយទឹកស្អាត នៅឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីជំនាញមន្ទីរ ត្រូវបន្តតាមដានការងារសាងសង់នេះដើម្បីបញ្ចប់ ១០០% តាមផែនការ និងយកចិត្ដទុកដាក់ឲ្យបានខ្ពស់មួយកម្រិតទៀត ចំពោះស្ថានភាពកម្ពស់ទឹក និងទឹកជំនន់ឱ្យបានជាប្រចាំ ដើម្បីធ្វើរបាយការណ៍ ផ្ញើជូនថ្នាក់ដឹកនាំក្រសួងបានទាន់ពេលវេលា៕