ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួងដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវជាប្រចាំចំនួន ២គម្រោង នៅ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តបាត់ដំបង និងបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា បានអញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវជាប្រចាំចំនួន ២គម្រោង ស្ថិតនៅ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន÷

គម្រោងទី១÷ ការងារថែទាំខួបផ្លូវចំនួន១ ខ្សែ (ផ្លូវថ្លុកសង្កែ-អូរក្រួស) ដោយក្រាលល្បាយថ្មភ្នំ ប្រវែង ១២ ៦០០ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតក្នុងភូមិថ្លុកសង្កែ និងភូមិអូរក្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង ។

គម្រោងទី២÷ ការងារថែទាំខួបផ្លូវចំនួន ១ ខ្សែ (ផ្លូវរលួស-តាផូ) ដោយក្រាលល្បាយក្រួសប្រវែង ១៣ ០០០ម៉ែត្រ ស្ថិតក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជាពិភាក្សាជាមួយអ្នកទទួលការអ្នកបច្ចេកទេស និងគណ:កម្មការអន្តរក្រសួងរួចមក គណ:កម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់រយ:ពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើម្បីធានាថា ផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ