ឯកឧត្តម ប៉ា សុខុម អញ្ជើញដឹកនាំអង្គប្រជុំប្រចាំត្រីមាសទី ៣ និងលើកទិសដៅអនុវត្តការងារបន្តនៅត្រីមាសទី ៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរឯកឧត្តម ឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ បានដឹកនាំអង្គប្រជុំប្រចាំត្រីមាសទី ៣ និងលើកទិសដៅអនុវត្តការងារបន្តនៅត្រីមាសទី ៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានឯកឧត្តម លោក លោកស្រីជាទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៏ជនបទ នៅក្នុងខេត្តកំពង់ឆ្នាំង លោក ជិន រដ្ឋា ប្រធានមន្ទីរ អស់លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរបស់មន្ទីរ សរុប ចំនួន ៦៨ រូប។
បន្ទាប់ពីលោក ជិន រដ្ឋាប្រធានមន្ទីរ បានអានរបាយការណ៍នូវវឌ្ឍនភាពការងារប្រចាំត្រីមាសទី ៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវឱ្យថ្នាក់ដឹកនាំព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមប្រជុំសូមយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវជោគជ័យដ៏ធំធេងក្នុងពិធីបើកការដ្ឋានជីកព្រែកហ្វូណន តេជោកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ និងសូមឱ្យមានការគាំទ្រនូវកិច្ចសហប្រតិបត្តិការ CLV-DTA ឱ្យបានទូលំទូលាយ ដល់គ្រួសារញាតិមិត្តផងដែរ។
ក្រោយពេលប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំទំាងអស់បានពិនិត្យមើលដំណើរការជួសជុល សំអាតមន្ទីរ បន្ទប់ធ្វើការ បន្ទប់ទឹក បន្ទប់ប្រជុំ។ល។ ដែលកំពុងធ្វើការជួលជុលពុំទាន់បានចប់សព្វគ្រប់បើនៅឡើយ៕