ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
- ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៧:២៤ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ ខៀវ មាលតី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.។ កិច្ចប្រជុំបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែលជាសមាជិក សមាជិកា គ.ជ.អ.ប. ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង ស្ថាប័នពាក់ពន្ធ័ ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. សមាគមក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត ទាំង២៥ សរុបចំនួន ១៤៧រូប នាទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំលើកទី២៣នេះ មានគោលបំណងគឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន ៖ (១) ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី២២ របស់គ.ជ.អ.ប. (២) ពិនិត្យលើរបាយការណ៍វឌ្ឍនភាពឆមាសទី១ នៃផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៤ របស់ គ.ជ.អ.ប. និងទិសដៅការងារសម្រាប់ឆមាសទី២ (៣) ពិនិត្យ និងអនុមត័លើផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង (៤) ពិនិត្យលើរបាយការណ៍ស្តីអំពីស្ថានភាពនៃការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរបាយការណ៏អំពីការសិក្សា និងការកំណត់ធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់មុខងារដែលបានផ្ទេរ៕