ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង ក្នុងខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃព្រហស្បតិ៍៣កើត-សុក្រ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង ក្នុងខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងមានការចូលរួមពីក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យនិងខេត្តកំពង់ធំផងដែរ។

 

– គម្រោងទី១ ៖ ចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ៤ ៣៥០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅ ភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យ ទៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

-គម្រោងទី២៖ ចុះពិនិត្យនិងវាយតម្លៃការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ០០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ទៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ព្រមទាំងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាមួយ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិង អ្នកបច្ចេកទេស ដោយបានឯកភាពបញ្ចប់រយៈពេលធានាសុពលភាពចំពោះគម្រោងទី១និងទទួលយកលទ្ធផលការងារ ៧០% ចំពោះគម្រោងទី២តាមការស្នើសុំរបស់អ្នកទទួលការ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានធ្វើការផ្ដាំផ្ញើដល់អ្នកទទួលការត្រូវជំរុញការងារឱ្យបានទាន់ពេលវេលាកំណត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ