លោកជំទាវ ឡាយ វិរៈបុត្រ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី អនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស
- ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច ដែលមានចំនួនសរុប ៧២នាក់ ស្រី ១១នាក់ នៅអគារភាតរភាព ទីស្តីការគណៈរដ្ឋមន្រ្តី ។
សូមបញ្ជាក់ជូនថា សេចក្តីព្រាងអនុក្រឹត្យនេះ មានចំនួន ១៤ជំពូក ៥២មាត្រា និងឧបសម្ព័ន្ធចំនួន ១១ ដែលស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យពិភាក្សា និងកែសម្រួល ។
ដោយឡែកថ្ងៃនេះអង្គប្រជុំ បានពិភាក្សាលើ ជំពូក ៥ មាត្រា១៩ សំដៅលើ មធ្យោបាយដឹកជញ្ជូន ទ្រុងរថយន្ត ឬកុងតឺន័រ ត្រូវគោរពវិធានអនាម័យ ការពារការឆ្លងមេរោគ រក្សាសីតុណ្ហភាព អនាម័យល្អនៃម្ហូបអាហារ ពីទីតាំងដឹកចេញ ដល់ទីតាំងដាក់ចុះ។