ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានចំនួន ២គម្រោង នៅឃុំក្តាញ់ ឃុំព្រៃផ្តៅ និងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ

ចែលរំលែក

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានចំនួន ២គម្រោង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួម ឯកឧត្តមឧត្ដមសេនីយ៍ឯក ជុំ សុមេត ប្រធានគ្រប់គ្រងគម្រោង កងវិស្វកម្ម ១៨៣ លោកវរសេនីយ៍ទោ ជា សុវណ្ណធី នាយកផ្នែកស្ពានថ្នល់ លោកវរសេនីយ៍ទោ ស្រេង វុទ្ធី មេបញ្ជាការរងកងវិស្វកម្ម នាយទាហាន នាយទាហានរង តំណាងនាយកដ្ឋានផ្លូវលំជនបទ និងសមាជិកគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសំណង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងឃុំក្តាញ់ ព្រៃផ្តៅ និងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដូចខាងក្រោម ៖

 

១. គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ៤ ៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន លាតសន្ធឹងពីភូមិស្តេចកំពាន់ ទៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

២. គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងសរុប ៣ ១០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន លាតសន្ធឹងពីភូមិព្រៃរបង ឃុំព្រៃផ្តៅ ទៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាចូលរួមសហការជាមួយកងវិស្វកម្ម ដើម្បីធានាការអនុវត្តកការងារទាំង២គម្រោងខាងលើ អាចអនុវត្តទៅបានដោយរលូន និងទាន់ពេលវេលា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ