ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្របញ្ជាក់ស្នាដៃការងារ និងសរសើរដល់មន្ត្រីនិវត្តន៍ជន នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ១១រូប ដែលធ្លាប់បម្រើការ និងមានស្នាដៃនាពេលកន្លងមក។ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនោះរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកជំទាវអគ្គាធិការស្ដីទី និងប្រធាននាយកដ្ឋានទាំងអស់ក្រោមឱវាទក្រសួង ។ ជាកិច្ចចាប់ផ្តើម លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានធ្វើរបាយការណ៍សង្ខេបជូនអង្គពីធី។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះនិវត្តន៍ជនគ្រប់រូបដែលបាចូលរួមអភិវឌ្ឍប្រទេសជាតិ ពិសេសការងារលើវិស័យអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តមានប្រសាសន៍ទៀតថា វីរភាព និងសមិទ្ធផលទាំងអស់នេះគឺទុកជាបទពិសោធន៍សម្រាប់មន្ត្រីរាជការបន្តវេនជំនាន់ក្រោយដើម្បីបន្តខិតខំសម្រេចឱ្យបានសមិទ្ធផលថ្មីៗ បន្ថែមទៀតស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

គួរជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើតសមាគមសង្គហមិត្តដើម្បីលើកកម្ពស់រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព នៃមន្ត្រីគ្រប់រូបក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ