ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការដឹកជញ្ជូនលើសទម្ងន់កំរិតកំណត់លើបណ្ដាញផ្លូវជនបទ នៃកម្ពុជា
- ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៣:១២ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការដឹកជញ្ជូនលើសទម្ងន់កំរិតកំណត់លើបណ្ដាញផ្លូវជនបទនៅព្រះរាជាណាចក្រកម្ពុជា ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង បច្ចេកទេស និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត ។ កិច្ចប្រជុំនាពេលនេះគឺដើម្បីដោះស្រាយបញ្ហាផ្លូវជនបទដែលរងការខូចខាតបណ្តាលមកពីការដឹកលើសទម្ងន់កំណត់ និងបញ្ហាផ្សេងៗដទៃទៀត។ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់ក្រុមការងារបច្ចេកទេស ឲ្យសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធដទៃទៀតក្នុងការរៀបចំធ្វើជាអនុក្រឹត្យ សេចក្ដីប្រកាស និងឯកសារគតិយុត្តផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្តការងាររបស់ខ្លួនស្របតាមភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ។
សូមបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងគ្រប់គ្រងបណ្ដាញផ្លូវជនបទទាំង ៤ប្រភេទ មានប្រវែងសរុបប្រមាណជាង ៥០ ០០០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ DBST ផ្លូវកម្រាលពីបេតុង និងផ្លូវល្បាយក្រួស ។ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ផ្លូវទាំងនេះឱ្យមានគុណភាពបានយូរអង្វែង និងកាត់បន្ថយការចំណាយថវិការបស់ជាតិទៅលើការជួសជុល ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំនូវបទដ្ឋានគតិយុត្ត ឯកសារផ្លូវច្បាប់ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំរិតកំណត់លើបណ្ដាញផ្លូវជនបទ នៃកម្ពុជា៕