ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បត្តិ ភូមិគំរូ”
- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បត្តិ ភូមិគំរូ”។ ក្នុងនោះដែរ ក៏មានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ មានវត្តមានសរុប ១២០នាក់។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលគឺ ពង្រឹងសមត្ថភាពដល់មន្តី្ររាជការនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ដែលជាជនបង្កោលអំពីជំនាញបច្ចេកទេស ចំណេះដឹង បទពិសោធន៍ដូចជា (១).វិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពីការងារអភិវឌ្ឍន៍សហគមន៍ ការចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បតិ្ត “ភូមិគំរូ” (២). វិធីសាស្រ្តនៃការសម្ភាសជាមួយ គ.អ.ភ អ្នកពាក់ព័ន្ធ និងការចុះសម្ភាសតាមគ្រួសាសហគមន៍ និង (៣). វិធីសាស្រ្តវិភាគ វាយតម្លៃ ការដាក់ពិន្ទុ និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន។
មានមតិសំណេះសំណាលនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្លែងអំណរគុណជូនចំពោះសិក្ខាកាមដែលអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងបានកោតសរសើរចំពោះនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់ចំណេះដឹង និងផ្តល់បទពិសោធន៍ក្នុងការចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ”។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដោយផ្តោតលើវិស័យអាទិភាព ចំនួន ៥ គឺ “មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល”។ នៅក្នុងបញ្ជកោណទី៤ គឺការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន នៅមុំទី៣ លើកស្ទួយកសិកម្ម និងអភិវឌ្ឍន៍ជនបទ ហើយនៅចំណុចទី៨ បានបញ្ជាក់ថាពីការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសការជំរុញការអភិវឌ្ឍចម្រុះ និងការបន្តអនុវត្ត “ចលនាភូមិគំរូ”។ ដើម្បីសម្រេចឱ្យបានជោគជ័យនូវគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវចក្ខុវិស័យរយៈពេល ៥ឆ្នាំ គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង ក្នុងនោះ ការអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ គឺជាសកម្មភាពចម្បងមួយផងដែរ៕