ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំង ចែករំលែកបទពិសោធន៍ និងការរៀបចំផែនការថវិកាឆ្នាំ២០២៥ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២
- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ម៉ោង ២:១៨ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំង ចែករំលែកបទពិសោធន៍ និងការរៀបចំផែនការថវិកាឆ្នាំ២០២៥ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (SEADRM 2) ។
សិក្ខាសាលានេះ មានគោលបំណងដើម្បីជួបប្រជុំពិភាក្សា ឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក ជាពិសេស ដើម្បីរៀបចំផែនការសកម្មភាព និងផែនការថវិការបស់គម្រោងសម្រាប់ឆ្នាំ២០២៥។
ទន្ទឹមនេះ ក៏ដើម្បីធានាការអនុវត្តរបស់គម្រោង អាចទទួលបានលទ្ធផលល្អប្រសើរ និងទាន់ពេលវេលា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ នផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម ៖
- ពន្លឿននីតិវិធី និងដំណើរការវាយតម្លៃជ្រើសរើសក្រុមហ៊ុនសាងសង់កញ្ចប់ទី២ និងក្រុមហ៊ុនទីប្រឹក្សាផ្នែករចនាប្លង់លម្អិត និងត្រួតពិនិត្យគុណភាពសាងសង់
- បន្តការងារត្រួតពិនិត្យគុណភាពសំណង់នៅការដ្ឋាន និងត្រួតពិនិត្យសម្ភារសំណង់នានា
- បន្តរៀបចំវគ្គបណ្តុះបណ្តាលនានាស្របតាមផែនការរបស់គម្រោងជូនមន្ត្រីថ្នាក់កណ្ដាល និងមន្ត្រីថ្នាក់ខេត្ត
- សិក្សាផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន សម្រាប់ខ្សែផ្លូវកញ្ចប់ទី៣ និងទី៤
- បន្តការងារលទ្ធកម្មជ្រើសរើសទីប្រឹក្សាសម្រាប់ការងារផ្នែកទន់ (Soft Component)៕