ការជំរុញចលនាអភិវឌ្ឍន៍ “ភូមិគំរូ” ជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិ និងគ្រួសារ របស់ប្រជាជននៅតំបន់ជនបទ

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការជំរុញចលនាអភិវឌ្ឍន៍ “ភូមិគំរូ” គឺជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ដែលបានចូលរួម និងបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ ក្រោមប្រធានបទ “វិធីសាស្រ្តចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បតិ្តភូមិគំរូ” នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។

 

យោងតាមរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាលដោយ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលមានសិក្ខាកាមជាមន្ដ្រីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង២៥ រាជធានី-ខេត្ត សរុបចំនួន ១២០រូប បានចូលរួម និងបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយជោគជ័យនាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា វគ្គបណ្តុះបណ្តាលសនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយ ពង្រឹងសមត្ថភាពបន្ថែមដល់មន្ដ្រីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរ អភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ឱ្យកាន់តែយល់ច្បាស់អំពីវិធីសាស្រ្តចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បតិ្តភូមិគំរូ ដោយអនុវត្តស្របនិងប្រកាសស្តីពី ការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងការងារកំណត់ទិសដៅរបស់ក្រសួងនាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកឡើងបន្ថែមទៀតថា ការអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ ពិតជាអាចអភិវឌ្ឍន៍សេដ្ឋកិច្ច និងចីរភាពនៃកំណើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ និងជាការអនុវត្តស្របតាម យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

 

សូមរំលឹកជូនផងដែរថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្ដិ “ភូមិគំរូ” នៅប្រទេសកម្ពុជា ដោយមានលក្ខណៈវិនិច្ឆ័យចំនួន ៥ រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច។ បច្ចុប្បន្ន ក្រសួងបាន និងកំពុង អនុវត្តចលនាភូមិគំរូ ចំនួន៦៤ នៅតាមខេត្តគោលដៅមួយចំនួនរួមមាន ខេត្តកំពង់ស្ពឺ តាកែវ ត្បូងឃ្មុំ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ហើយក្នុងផែនការប្រចាំឆ្នាំ ក្រសួងនឹងអភិវឌ្ឍភូមិគំរូចំនួន ៥០ ភូមិ ក្នុង១ឆ្នាំ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ