ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១:២៥ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋាន ដោយឡែក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ។
កិច្ចប្រជុំផ្តោតសំខាន់លើការត្រួតពិនិត្យសមិទ្ធផលសម្រេចបានតាមកម្មវិធីអាទិភាពនីមួយៗ របស់ក្រសួង, ការពិនិត្យលើបញ្ហា ការប្រឈម ក្នុងខែសីហា និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ សម្រាប់អនុវត្តបន្ដឱ្យមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍លទ្ធផលការងារដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងថា លទ្ធផលសម្រេចបានតាមកម្មវិធីទាំង៤ ដោយកម្មវិធីទី១: ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក្នុងខែសីហាសម្រេចបាន ១១,៨៧% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន ៦៣,៧៧%, កម្មវិធីទី២: ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងខែសីហាសម្រេចបាន ១៥,០៨% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន៦២,៨៨%, កម្មវិធីទី៣: ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ក្នុងខែសីហាសម្រេចបាន ៧,៨៨% និងប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន៦៩,៣០% និងកម្មវិធីទី៤: ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងខែសីហាសម្រេចបាន ១៣,៦៤% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន៦៥,០១%។ លទ្ធផលទាំងនេះជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់ទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ក្រសួង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីជាយន្តការសម្រាប់អនុវត្តផែនការសកម្មភាពតាមកម្មវិធីទាំង៤ របស់ក្រសួង ឱ្យកាន់តែសម្រេចលទ្ធផលខ្ពស់ និងឈានទៅសម្រេចចក្ខុវិស័យរបស់ខ្លួនគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចឱ្យខានតែបាននូវគោលដៅកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំស្តីអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបរិច្ចាគថវិកាទៅមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបង្ហាញពីការចូលរួមអភិវឌ្ឍន៍ និងថែរក្សាព្រំដែនយ៉ាងពិតប្រាកដដែលកើតចេញពីយើងម្នាក់ៗ៕