លោកវេជ្ជបណ្ឌិត លន់ សាយតេង បើកសិក្ខាសាលាពិគ្រោះយោបល់អំពី ការរចនាប្លង់បង្គន់អនាម័យដែលបង្កលក្ខណៈងាយស្រួលក្នុងកម្រិតគ្រួសារ
- ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារលុចស៊ីធី រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់អំពី ការរចនាប្លង់បង្គន់អនាម័យដែលបង្កលក្ខណៈងាយស្រួលក្នុងកម្រិតគ្រួសារ ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោក អ៊ុន ប៊ុនភឿន ប្រធានកម្មវិធីទឹកស្អាតនិងអនាម័យប្រកបដោយបរិយាបន្ន នៃអង្គការវ័តធឺអេតកម្ពុជា តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអង្គការដៃគូ ។
ក្រោមកិច្ចសហប្រតិបត្តិការនិងគាំទ្ររបស់អង្គការ WaterAid & Australian Aid សិក្ខាសាលាបានរៀបចំក្នុងគោលបំណងចែករំលែកការរចនាប្លង់នៃការសាងសង់បង្គន់អនាម័យដែលមានលក្ខណៈងាយស្រួលក្នុងកម្រិតគ្រួសារ និងដើម្បីពិគ្រោះយោបល់ និងប្រមូលមតិកែលម្អសម្រាប់ការបញ្ចប់ការរចនាប្លង់បង្គន់អនាម័យក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ បានធ្វើបទបង្ហាញស្តីពី គោលបំណងរបស់គម្រោង គំនូសប្លង់បច្ចេកទេសបង្គន់អនាម័យ និងបានធ្វើការពិភាក្សាដោយផ្ដោតទៅលើបច្ចេកទេស និងសំណង់នៃបង្គន់ និងឯកសារជាងសម្រាប់សាងសង់បង្គន់អនាម័យផងដែរ ៕