
ប្រទេសជាតិមានសុខសន្ដិភាព ទើបអាចធ្វើឱ្យព្រលឹងវប្បធម៌ជាតិ អាចស្ថិតនៅគង់វង្សស្ថិតស្ថេរ
- ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:៥៨ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាមេរិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ពិធីដ៏សែនដ៏ពិសិដ្ឋនេះ សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន ៧០រូប ទទួលតាមរយៈការតស៊ូផ្នែកច្បាប់ និងកិច្ចអន្តរាគមន៍នានាយ៉ាងស្វិតស្វាញ ក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្ដិភាព និងស្ថិរភាពគ្រប់វិស័យ។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកសូ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការជួញដូរខុសច្បាប់៕