ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត របស់ គ.ត.វ.
- ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ត.វ. និងលោក លោកស្រីប្រធាន/អនុប្រធានមន្ទីរពិសោធន៍ សរុបចំនួន ៤៣រូប (ស្រ្តី ០៣ រូប)។
ជាដំបូង លេខាធិការដ្ឋាន គ.ត.វ. បានរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារដែលបានអនុវត្ត និងបានធ្វើការបង្ហាញលម្អិតពីបរិបទ និងនីតិវិធីនៃដំណើរការត្រួតពិនិត្យគម្រោងតាមដំណាក់កាលទាំងគម្រោងដែលប្រើប្រាស់ថវិកាជាតិជំពូក២១ និងជំពូក៦១ ដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។
ជាលទ្ធផលអង្គប្រជុំ បានឯកភាពលើខ្លឹមសាររបាយការណ៍ដែលបានពិភាក្សាគ្នា និងដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារបន្ត បានសម្រេចដូចខាងក្រោម ៖
១. បង្កើនការយកចិត្តទុកដាក់លើការចុះត្រួតពិនិត្យឱ្យត្រូវតាមស្ដង់ដារបច្ចេកទេស ដោយយកគុណភាពនៃការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ជាស្នូលធានាឱ្យការប្រើប្រាស់បានយូរអង្វែង និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
២. ពេលចុះត្រួតពិនិត្យគុណភាព ក្រុមនីមួយៗ ត្រូវមានសម្ភារៈ និងឧបករណ៏គ្រប់គ្រាន់ ដោយយកពីមន្ទីរពិសោធន៍
៣. គ.ត.វ. ត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌ និងវិជ្ជាជីវ: ហើយរបាយការណ៍ត្រូវតែច្បាស់លាស់
៤. ស្នើសុំក្រុមនីមួយៗ ត្រូវផ្តល់របាយការណ៍មកលេខាធិការដ្ឋានយ៉ាងយូរ ២ថ្ងៃ និងរបាយការណ៍កែតម្រូវបច្ចេកទេសពីអ្នកទទួលការក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ៕