លោក សួន សុវន្ដារ បានអញ្ជើញចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ខេត្តបន្ទាយមានជ័យ
- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក សួន សុវន្ដារ ប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានអញ្ជើញចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ដែលប្រព្រឹត្តទៅនៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
កម្មវិធីនេះមានគោលបំណង ដើម្បីពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង និងមានការចូលរួមពី ក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក ឃុំ ភូមិ និងកសិករគំរូសរុបចំនួន ២៤នាក់ ស្រី ១២នាក់, មេក្រុមកសិករ ៣នាក់។
គួរបញ្ជាក់ផងដែរថា គម្រោងភូមិសន្តិភាពនេះបានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលក្នុងគោលដៅខេត្តបន្ទាយមានជ័យ បានជ្រើសរើសមេក្រុមកសិករគំរូចំនួន ២០ក្រុម និងកសិករគំរូចំនួន ៥៣៧ គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផលិតផលផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព។