ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំប្រជុំស្តីពីសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៥:៤៨ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងនាមជាមន្ដ្រីរាជការ ត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍន៍នានាដែលរាជរដ្ឋាភិបាលដែលបាននិងកំពុងខិតខំអនុវត្តក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដទៀតថាថ្នាក់ដឹកនាំទាំងអស់ ត្រូវផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសមិទ្ធផលនៃការអភិវឌ្ឍន៍ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ជាពិសេសត្រូវពន្យល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងពន្យល់ប្រជាពលរដ្ឋឱ្យជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការCLV-DTA ។ លើសពីនេះត្រូវពន្យល់ប្រជាពលរដ្ឋអំពីឧបាយកលអាក្រក់ និងណែនាំកុំឲ្យលង់តាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបង្កើតសកម្មភាពបាតុកម្ម និងចលនានានាគ្រប់រូបភាព ដើម្បីបង្កើតជាបដិវត្តន៍ពណ៌ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់មានកាតព្វកិច្ចចូលរួមផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបន្តដល់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនរស់នៅ និងមូលដ្ឋានដែលជាដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវ៕