ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានកែលម្អផ្លូវ និងពិនិត្យវឌ្ឍនភាពការងារនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
- ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៤:១៥ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្សែផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តគីរីវ័ន្ដស្ពាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។
បន្ទាប់ពីពិធីបើកការដ្ឋានរួច ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ បានដឹកនាំមន្ដ្រីបច្ចេកទេស ទៅពិនិត្យវឌ្ឍនភាព និងស្ថានភាពផ្លូវចំនួន ២ខ្សែ ដូចខាងក្រោម៖ ខ្សែទី១៖ ការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១១,២៣៦គីឡូម៉ែត្រ។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផលបាន ៥៨,៣២% ហើយគ្រោងនឹងបញ្ចប់ ១០០% នៅចុងឆ្នាំ២០២៤។ ខ្សែទី២៖ ការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១៤,០៣៦គីឡូម៉ែត្រ។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិជីពាំង ឃុំជីពាំង ស្រុកពញាក្រែក ទៅដល់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកដំបែរ ដែលបានស្ថាបនាចប់ជាស្ថាពរកាលពីខែឧសភា ឆ្នាំ២០២៤។ ខ្សែផ្លូវទាំង ២នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់មូលនិធិកិច្ចប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
តមកទៀត ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅត្រួតពិនិត្យវឌ្ឍនភាពការអភិវឌ្ឍដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅតាមព្រំដែន ស្ថិតក្នុងឃុំទ្រៀក ស្រុកមេមត់។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យមន្ដ្រីបច្ចេកទេសក្រសួងសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សាងសង់អណ្ដូងស្នប់ ចំនួន ១៥អណ្ដូង និង សាងសង់បង្គន់អនាម័យ ចំនួន ១០៦បង្គន់ ជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅតំបន់នោះផងដែរ។
សូមជម្រាបជូនផងដែរថា ក្នុងឱកាសបើកការដ្ឋាន និងត្រួតពិនិត្យវឌ្ឍនភាពការងារនៃទីតាំងនីមួយៗខាងលើ ឯកឧត្តម ឆាយ ឫទ្ធិសែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដេីម្បីកម្ពុជាអាចសម្រេចចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ “។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនពីការយកចិត្តទុកដាក់របស់សម្ដេច ជាប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការការពារបូរណភាពដែនដី ដោយមិនឱ្យមានការឈ្លានពានពីបរទេសឡើយ។ ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមកុំចាញ់បោកតាមការឃោសនាញុះញង់ បោកបញ្ឆោតធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមអគតិមួយក្តាប់តូច និងសូមជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា៕