ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក ស៊ីនយ៉ុង វ៉ា នាយករង KOICA ប្រចាំកម្ពុជា សហប្រធានអង្គភាពអនុវត្តន៍គម្រោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទានសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ភូមិចំនួន ៣០ភូមិ
- ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក ស៊ីនយ៉ុង វ៉ា នាយករង KOICA ប្រចាំកម្ពុជា សហប្រធានអង្គភាពអនុវត្តន៍គម្រោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទានសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ភូមិចំនួន ៣០ភូមិ ក្នុងគោលដៅគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ឯកឧត្ដម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ឯកឧត្ដម យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ស៊ុងយ៉ុង ឆ័យ ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង(Project Management Consultant) និងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក្រុមការងារសម្របសម្រួលអនុវត្តគម្រោងថ្នាក់ជាតិ និងខេត្តគោលដៅ និងលោក លោកស្រី តំណាងក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) មកភូមិគោលដៅទាំង៣០ភូមិ នៃគម្រោង។ គម្រោងអភិវឌ្ឍន៍ភូមិ (VDP) គឺជាផ្នែកមួយនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” ដោយផ្តោតសំខាន់លើការចូលរួមរបស់សហគមន៍ និងមានគោលបំណងគាំទ្រលើការផ្តល់មូលនិធិដល់ភូមិក្នុងការដឹកនាំ និងអនុវត្តគម្រោងដោយគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងប្រជាពលរដ្ឋក្នុងភូមិ តាមរយៈការកំណត់តម្រូវការអាទិភាពរបស់សហគមន៍ និងជ្រើសរើសគម្រោងដែលត្រូវអនុវត្តន៍ដោយខ្លួនឯងដូចជា ការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងភូមិ ដូចជា សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អាងស្តុកទឹក និងអគារសហគមន៍។ល។
បញ្ជាក់៖ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” មានរយៈពេល ៥ឆ្នាំ (២០២២-២០២៦)ជាហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ក្រោមកិច្ចសហការអនុវត្តគម្រោងរវាងភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ (KOICA) និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននឹងកំពុងអនុវត្តក្នុងខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ចំពោះការអភិវឌ្ឍន៍ភូមិសន្តិភាពទាំង៣០ភូមិ គឺជាមូលសម្រាប់ក្លាយជា “ភូមិគំរូ”។