ឯកឧត្ដម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួង អញ្ជើញពិនិត្យស្ថានភាពផ្លូវ ចំនួន ៤ខ្សែ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង
- ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៥:៣៣ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ-កំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវល្បាយក្រួសចំនួន ១ខ្សែ មានប្រវែង ១៨,៤០គីឡូម៉ែត្រ តភ្ជាប់ពីភូមិកាកាប សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ទៅដល់ផ្លូវលេខ៤៤ ត្រង់ចំណុចផ្សារសំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំដល់អ្នកបច្ចេកទេសក្រសួង ឱ្យពិនិត្យលទ្ធភាពដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូ (DBST) ដោយដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការ ឬដាក់បញ្ចូលទៅក្នុងផែនការស្ថាបនាក្នុងឆ្នាំបន្ទាប់របស់នាយកដ្ឋាន ធ្វើយ៉ាងណាឱ្យការចាប់ផ្ដើមស្ថាបនាផ្លូវនេះ បានលឿនដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋនៅក្នុងតំបន់នោះ។
បន្ទាប់មក ឯកឧត្ដមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួង ដោយមានការចូលរួមពីអាជ្ញាធរស្រុក បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ចំនួន ០៣ខ្សែ ទៀតស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖
– ខ្សែទី១ មានប្រវែង ២២,៧១គីឡូម៉ែត្រ តភ្ជាប់ពីឃុំខ្លុងពពក ទៅដល់ភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវនេះ គ្រោងចាប់ផ្ដើមស្ថាបនានៅចុងឆ្នាំ២០២៤ នេះ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងតំបន់ទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)។
– ខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,១៩៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះ ទើបបានបញ្ចប់ការស្ថាបនារួចរាល់នៅខែមិថុនា ឆ្នាំ២០២៤នេះ។
-ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,០៨៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ទៅដល់ភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះ ទើបបានបញ្ចប់ការស្ថាបនារួចរាល់នៅខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសចុះពិនិត្យផ្លូវនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕