ឯកឧត្តម ពិត ករុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបិទបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការចាស់ និងពិនិត្យកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណកម្មាធិការសម្របសម្រួលការងារជាមួយអង្គការមិនមែនរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបិទបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការចាស់ និងពិនិត្យកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ដើម្បីបន្តអនុវត្តគម្រោង”ការចាប់ផ្តើមជាមួយសុខភាពល្អ “ ដែលផ្តោតសំខាន់លើការងារ ទឹកស្អាត អនាម័យ អាហារូបត្ថម្ភ ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ក្នុងខេត្តគោលដៅចំនួន៣គឺ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះមានការចូលរួមពី លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីនិងភាពជាដៃគូ និង លោក អ៉ឹម ប៊ី ប្រធានកម្មវិធីភាពជាដៃគូ អង្គការភ្លែនអន្តរជាតិ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ និងអមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ សរុប ចំនួន១១នាក់។

 

កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួន២ដូចខាងក្រោម៖

១. ពិនិត្យនិងបូកសរុបសមិទ្ធផលការងាររបស់អង្គការ រយៈពេល៣ឆ្នាំកន្លងមកនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការចាស់ (២០២១-២០២៤)

២. ពិនិត្យនិងពិភាក្សានូវកម្មវិធីការងារ ផែនការសកម្មភាពនិងថវិកា របស់អង្គការរយៈពេល៣ឆ្នាំបន្តទៅមុខ ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី (២០២៤-២០២៧)។

 

ជាលទ្ធផល កិច្ចប្រជុំបានប្រព្រឹត្តតាមរបៀបវារៈនិងក្រោមកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗបន្ថែមរួមមាន៖

១. និរន្តភាពនៃគម្រោង និងកម្មវិធីការងាររបស់អង្គការក្រោយបញ្ចប់ការងារ

២. ការចូលរួមនិងកិច្ចសហប្រតិបត្តិការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការ ក្នុងការអនុវត្តកម្មវិធីការងារនៅមូលដ្ឋាននិងខេត្តគោលដៅ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ