លោក សំ រដ្ឋា ដឹកនាំមន្ដ្រីជំនាញ នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ រៀបចំកិច្ចប្រជុំ ស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា និងគោលដៅសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក សំ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំមន្ដ្រីជំនាញ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ រៀបចំកិច្ចប្រជុំ ស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា និងគោលដៅសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន ១៤រូប។
កិច្ចប្រជុំនេះមានគោលបំណង ផ្ទៀងផ្ទាត់លទ្ធផល នៃការអនុវត្តធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ប្រចាំឆ្នាំ ចែករំលែកចំណេះដឹង និងផ្ដល់យោបល់កែលម្អលើការរៀបចំ និងអនុវត្តផែនការ ស្វែងយល់អំពីមូលដ្ឋាននៃការគណនាសូចនាករសមិទ្ធកម្មរបស់មន្ទីរ រៀបចំរបាយការណ៍សមិទ្ធកម្ម និងរបាយការណ៍វឌ្ឍនភាព ឱ្យបានទាន់ពេលវេលា និងមានសង្គតិភាព ណែនាំពីយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងធ្វើការព្យាករណ៍អំពីលទ្ធភាពនៃការអនុវត្តធ្វើយ៉ាងណាឱ្យសម្រេចបាន ១០០% នៅបំណាច់ឆ្នាំ៕