ឯកឧត្តម ជា ស្រ៊ុន ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យកំណាត់ផ្លូវ និងលូមូលមុខពីរ ១កន្លែង ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង

ចែលរំលែក

ខេត្តកំពង់ធំ៖ នាថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោកប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារ ធ្វើការចុះពិនិត្យកំណាត់ផ្លូវ និងលូមូលមុខពីរ ១កន្លែង ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

 

បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ក្រុមការងារអន្តរក្រសួងបានឯកភាពដាក់កំណាត់ផ្លូវ និងលូដែលរងការបាក់ស្រុតខាងលើ ទៅក្នុងគម្រោងអន្តរាគមន៍ជួសជុលបន្ទាន់ដើម្បីធានាបាននូវសុវត្ថិភាព និងប្រក្រតីភាពនៃលំហូរចរាចរណ៍របស់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋឡើងវិញ ដោយបច្ចុប្បន្នក្រុមការងារមន្ទីរបានដាក់គ្រឿងចក្រចាប់ផ្តើមអនុវត្តការងារជាបណ្តើរៗហើយផងដែរ។

 

ក្នុងពេលជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំបន្ថែមឱ្យក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដាក់បន្ថែមស្លាកសញ្ញាសុវត្ថិភាពការដ្ឋាន និងចងខ្សែដាក់បង្គោលសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ