ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៣ ៥០០ម នៅស្រុកជីក្រែង ខេត្តសៀមរាប
- ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២ ០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ០៦ម ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ០,៥ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិពាក់ស្ពារ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងការទទួលយក គណៈកម្មការអន្តរក្រសួង បានស្នើដល់អ្នកទទួលការឱ្យកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផល ព្រមទាំងសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕