លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
- ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ រួមជាមួយលោក ចេង ចរិយា អនុប្រធាននាយកដ្ឋាន និងមន្ត្រីការិយាល័យតាមដាន និងវាយតម្លៃ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ដឹកនាំកិច្ចប្រជុំស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន ១៤រូប ស្រី២រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំរួមមាន
-ដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តធៀបនឹងគោលដៅសូចនាករដែលបានកំណត់ប្រចាំឆ្នាំ
-ចែករំលែកចំណេះដឹង និងផ្ដល់យោបល់កែលម្អរលើការរៀបចំ និងអនុវត្តផែនការ
-ផ្ដល់របាយការណ៍សមិទ្ធកម្ម និងរបាយការណ៍វឌ្ឍនភាព ឲ្យទាន់ពេលវេលា និងមានសង្គតិភាព
ជាកិច្ចចាប់ផ្ដើម លោក ប្លង់ សាឡន អនុប្រធានមន្ទីរ បានមានមតិស្វាគមន៍នៃកិច្ចប្រជុំរួចមក លោកបានអនុញ្ញាតឱ្យ លោក ឡេង សុវណ្ណរ៉ា អនុប្រធានការិយាល័យផែនការ និងស្ថិតិ ធ្វើសេចក្ដីរាយការណ៍ពីការអនុវត្តសូចនាករសមិទ្ធកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍នេះ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យការិយាល័យជំនាញទាំង១០ ធ្វើសេចក្ដីរាយការណ៍សង្ខេបពីការអនុវត្តការងាររបស់ខ្លួន និងលើកពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមក ក្រោយបញ្ចប់សេចក្ដីរាយការណ៍ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើការណែនាំបន្ថែមនូវចំណុចដែលខ្វះខាត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបានល្អប្រសើរទៅតាមផែនការសមិទ្ធកម្មដែលមន្ទីរបានរៀបចំឡើងផ្ញើមកនាយកដ្ឋាន។
ជាចុងបញ្ចប់លោកអគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុ បានណែនាំឱ្យមន្ត្រីមន្ទីរទាំងអស់ខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរ និងអនុវត្តសម្រេចឱ្យបាន ១០០% តាមផែនការដែលបានគ្រោងទុក និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរឱ្យបានគត់មត់។
នៅរសៀលថ្ងៃដដែលនេះ លោកអគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុ និងក្រុមការងារបន្តចុះផ្ទៀងផ្ទាត់មើលសមិទ្ធផលជាក់ស្ដែងដូចខាងក្រោម៖
-ផ្លូវថែទាំជាលក្ខណៈខួប ១ខ្សែ ប្រវែង ៥,៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ អនុវត្តសម្រេចបាន១០០% តាមផែនការសមិទ្ធកម្ម ឆ្នាំ២០២៤ ។
-ការសាងសង់បង្គន់អនាម័យចំនួន ៣៥បង្គន់ (ភូមិព្រាលចំនួន ២៣បង្គន់ និងភូមិអន្លង់ព្រីន ១២បង្គន់) សម្រេចបាន១០០% តាមផែនការសមិទ្ធកម្ម ឆ្នាំ២០២៤ ស្ថិតក្នុង ឃុំប្រឡាយ ស្រុកស្ទោង ។