ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
- ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និង លោកលោកស្រីមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំពាក្យផ្ដាំផ្ញើសួសុក្ខទុក្ខដល់ថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជាមន្រ្តីរាជការទាំងអស់ក្នុងមន្ទីរពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានវាយធ្វើការតម្លៃខ្ពស់ចំពោះសមាជិក សមាជិកអង្គប្រជុំដែលបានខិតខំ និងប្រឹងប្រែងយកចិត្តទុកដាក់លើការងារដែលបានអនុវត្តនាពេលកន្លងមក។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដូចខាងក្រោម ៖
– ត្រូវបំពេញការងារ ឬបេកកម្មដោយស្របតាមគោលការណ៍នៃការណែនាំរបស់ថ្នាក់ខេត្ត ឬថ្នាក់ក្រសួង ឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ខ្ពស់
– សូមមន្រ្តីរាជការទាំងអស់បន្ថែមយកចិត្តទុកដាក់លើការងារបន្តទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ
– សូមមន្រ្តីក្នុងមន្ទីរបង្កើននូវភាពសាមគ្គីភាពភាពក្នុងកិច្ចការងារជារួមក្នុងមន្ទីរដោយចាត់ទុកជាបងប្អូននៃអាជីពការងារ
– យកចិត្តទុកដាក់ និងរៀបចំបន្ទប់ការិយាល័យរបស់ខ្លួន ព្រមទាំងសម្អាតបរិស្ថានក្នុង និងក្រៅមន្ទីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕