នាយកដ្ឋានថែទាំសុខភាពជនបទ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ជនបង្គោល ក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវ៉ាញ
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកក្តដា ឆ្នាំ ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ និងលោក ហេង ពិសិដ្ឋ មន្រ្តីនាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ជនបង្គោលស្រុក និងជនបង្គោលឃុំទាំង៨ ក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវ៉ាញ ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីតំណាងស្រុកភ្នំក្រវ៉ាញ ស្រុកតាលោសែនជ័យ និងលោក លោកស្រីមកពីឃុំទាំង ៨ក្នុងស្រុកទាំងពីរ សរុបចំនួន ២៥រូប ស្រី ១២រូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗចំនួន ០២៖
១.ដើម្បីឱ្យមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជនបង្គោលស្រុក ជនបង្គោលឃុំ យល់ដឹងពីការរៀបចំឯកសារផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ(ODF)។
២.ដើម្បីឱ្យមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជនបង្គោលស្រុក ជនបង្គោលឃុំ ចេះពីរបៀបផ្ទៀងផ្ទាត់ស្ថានភាពភូមិ ឃុំ ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ជាលទ្ធផល៖
១-សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពីការរៀបចំឯកសារផ្ទៀងផ្ទាត់បានត្រឹមត្រូវតាមគោលការណ៍ណែនាំ (ODF)។
២-សិក្ខាកាមចេះពីវិធីសាស្រ្តជ្រើសរើសសំណាកសម្រាប់ចុះផ្ទៀងផ្ទាត់ ភូមិ ឃុំ ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
៣-សិក្ខាកាមចេះពីរបៀបចុះផ្ទៀងផ្ទាត់ទិន្នន័យតាមខ្នងផ្ទះក្នុងភូមិ ឃុំ ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។